ទីក្រុងឧត្តង្គចាប់ផ្តើមសាងឡើង ក្នុងសតវទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះជ័យជេដ្ឋាទី២ ដូចមានចែងក្នុង ព្រះជាពង្សសាវដាប្រទេសកម្ពុជា តទៅនេះ៖ ក្នុងព.ស ២១៦៤ គ.ស ១៦៦០ ព្រះបាទសម្តេចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង ស្តេចគង់នៅ ព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខធិការបោះពុព្ភផ្សាយក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់ក្នុងវង់ក្រចកថា(ស្រុកព្រៃល្វាឯម)។
ទ្រង់នាំព្រះអគ្គមហេសីព្រះស្នំក្រំការសេនាធិបតី និងនាម៉ីនសព្វមុខមន្ត្រីរាជការទាំងពួងចុះព្រះរាជទីនាំងនាវា ស្តេចយាងទៅប្រពាតនៅតំបន់អូរក្រងលាយក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថ្ងៃរូចស្តេចយាងទៅក្រសាលនៅទីតាដុងយាយជ័យទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវជាទីមានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យហើយទ្រង់មានព្រះតម្រាស់និងមន្ត្រីរាជការទាំងពួងមានហោរ៉ាធិបតីជាដើមថា “យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់លោកអ្នកទាំងពួងយល់ថាដូចម្តេច?”។ ឧញ៉ាហោរ៉ាធិបតី គន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរ៉ាសាស្រ្ត ហើយក្រាបទូលថា “ទីនេះជាទីជ័យ ភូមិសាស្រ្តល្អណាស់ត្រូវតាមក្បូនទាយថានឹងមានបៈទិ្ធតបៈតេជៈឈ្នះអស់សត្រូវទាំង៨ទិស”។ ព្រះរាជាទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ចាត់អោយឧញ៉ាក្រឡាហោមកែវ អោយជានាយកចាត់ការកសាងព្រះរាជវាំង នៅតំបន់ស្រះកែវនោះ ទ្រង់ហត់ហើយស្តេចត្រឡប់មកព្រះរាជវាំងល្វាឯមវិញ។ លំដាប់ពីនោះឧញ៉ាក្រឡាហោមកែវក៏បង្គាប់ទៅចៅហ្វាយស្រុកអោយកេណ្ឌបណ្តារាស្រកាប់ដើមឈើមកធ្វើជាព្រះរាជវាំងតាមព្រះរាជបញ្ជា។ លុះប្រមូលគ្រឿងសំភារៈបានសព្វគ្រប់ហើយឧញ៉ាក្រឡាហោមកែវបង្គាប់មេការអោយចាប់ផ្តើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញសង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់តូច ដំណាក់ធំ ហើយយកសេចក្តីក្រាបបង្គំទូលសូមទ្រង់ជ្រាបសព្វគ្រប់ការ។ លុះទ្រង់ជ្រាបហើយព្រះបាទសម្តេចជ័យជេដ្ឋាជាម្ចាស់ជីវិតលើត្បូង ស្តេចចាកចេញពីព្រះបរមរាជវាំងល្វាឯមទ្រង់ឡើងគង់ព្រះទីនាំងនាវាធ្វើព្រះរាជដំណើរតាមទន្លេសាបមួយអន្លើដោយព្រះរាជអគ្គមហេសីព្រះស្នំក្រំការព្រះរាជស្សានុវង្ស សេនាធិបតីនាម៉ឺនមន្រ្តីរាជការគ្រប់ក្រុមរាជាបរិពារដល់កំពង់តាដុងយាយជ័យប្រថាប់នៅទីនោះ៣រាត្រី ទ្រង់ព្រះរាជបញ្ជាភ្នាក់ងារមុខក្រសួងអោយរៀបចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី និមន្តព្រះរាជាគណចំរើនព្រះបរិត្ត៣ថ្ងៃ ចូលព្រះរាជពិធីនៅថ្ងៃ៥កើតខែផល្គុនឆ្នាំវក ទោស័ក ព.ស២១៦៤ គ.ស១៦២០ ហើយព្រះរាជវង្សានុវង្សព្រះអគ្គមហេសីព្រះស្នំក្រំការសេនាធិបតីមន្រ្តីរាជការជាបរិពារហែស្តេចឡើងកំពង់ហ្លួងចូលទៅគង់ព្រះរាជវាំងថ្មី រួចទ្រង់អោយរៀបធ្វើព្រះរាជពិធីសម្ភោធព្រះនគរ៣ថ្ងៃដដោយមានល្បែងមហោស្រពគ្រប់បែបជាឧឡារឹកអធិកអធមក្រៃពេក ទើមទ្រង់តាំងព្រះនាមនគរថ្មីថា “ព្រះរាជវាំងមហានគរឧត្តុង្គមានជ័យបុរីរម្យ ឧត្តមរាជនិវេសដ្ឋាន” ដែលហៅខ្លីថា “ក្រុងឧត្តុង្គមានជ័យ” ។
Credit: Windows Phone Khmer